(ខេត្តព្រៃវែង)៖ ភាពមិនប្រក្រតី ចំពោះគម្រោងសាងសង់អគាររដ្ឋតម្លៃ ៣៥ម៉ឺនដុល្លារ របស់មន្ទីរធម្មការ និងសាសនាខេត្តព្រៃវែង ដោយមានការរិះគន់យ៉ាងចាស់ដៃពីមហាជន ខណៈការសាងសង់ចេះតែអូសបន្លាយពេល នៅមិនទាន់រួចរាល់ទៀត។
តាមរយៈការចុះអង្កេតផ្ទាល់ និងការទម្លាយពីប្រភពផ្ទៃក្នុង ដំណើរការនៃគម្រោងមួយនេះ ពោរពេញទៅដោយភាពអាថ៌កំបាំង ដែលតម្រូវឱ្យមានការស៊ើបអង្កេត និងបំភ្លឺជាបន្ទាន់។
ដោយតើកញ្ចប់ថវិកានេះ ត្រូវបានប្រើប្រាស់ចំគោលដៅ និងប្រកបដោយតម្លាភាពដែរឬទេ? ប្រភពច្បាស់ការណ៍បានដាក់ការសង្ស័យយ៉ាងធ្ងន់ធ្ងរលើនីតិវិធីដេញថ្លៃ ថាតើនេះជាការអនុវត្តត្រឹមត្រូវតាមច្បាប់ ឬគ្រាន់តែជារូបភាពដើម្បីបិទភ្នែកមហាជន និងងាយស្រួលក្នុងការបែងចែកផលប្រយោជន៍?
ការអូសបន្លាយពេលសាងសង់យ៉ាងយូរខុសប្រក្រតីទោះបីជាមានការទម្លាក់កញ្ចប់ថវិការួចរាល់ក្តី ប៉ុន្តែគម្រោងនេះនៅតែបន្តជាប់គាំង និងមិនទាន់រួចរាល់។ តើការយឺតយ៉ាវនេះបណ្តាលមកពីកង្វះខាតថវិកា ឬមកពីការគ្រប់គ្រង និងការត្រួតពិនិត្យគ្មានប្រសិទ្ធភាពពីថ្នាក់ដឹកនាំមន្ទីរ? ហើយការសាងសង់មានរយ:ពេល៧ឆ្នាំគឺយូរណាស់។
ជុំវិញភាពមិនប្រក្រតីដែលកំពុងបែកធ្លាយនេះ មហាជនទូទៅ បានអំពាវនាវយ៉ាងទទូចដល់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ក្រសួងធម្មការ និងសាសនា រួមទាំងស្ថាប័នពាក់ព័ន្ធ ជាពិសេស អង្គភាពប្រឆាំងអំពើពុករលួយ (ACU) មេត្តាចាត់មន្ត្រីជំនាញ ចុះបើកការស៊ើបអង្កេត ត្រួតពិនិត្យ និងវាយតម្លៃលើគម្រោងនេះឡើងវិញជាបន្ទាន់ផង។
ដើម្បីប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយក្រុមការងារយើងក៏បានធ្វើការទំនាក់ទំនងទៅកាន់លោក លី សិទ្ធី ប្រធានមន្ទីរធម្មការ និងសាសនាខេត្តព្រៃវែង លោកក៏បានប្រាប់មកវិញថានេះជាការយល់ច្រឡំហើយលោកក៏ឲ្យទំនាក់ទំនងទៅជំនាញជាបន្តផងដែរ។
អង្គភាពព័ត៌មានយើងនឹងបន្តតាមដានទៀត និងទទួលស្វាគមន៍ដល់ការបកស្រាយបំភ្លឺពីក្រុមមជ្ឈដ្ឋានដែលពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕
អត្ថបទដោយ ព្រំ បូរី Tel: 016 500 144



