ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតជូនគណៈប្រតិភូធុរកិច្ចនៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនេះ គណៈប្រតិភូធុរកិច្ចនៃសាធារណរដ្ឋកូរ៉េ បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានថ្លែងអំណរគុណចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានផ្តល់ឱកាសឱ្យគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនារសៀលនេះ ក្នុងនោះ ភាគីកូរ៉េបានជម្រាបជូនអំពីសាវតា និងបច្ចុប្បន្នភាពនៃសកម្មភាពវិនិយោគរបស់ខ្លួន ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងបណ្តាប្រទេសជិតខាងក្នុងតំបន់ ព្រមទាំងចក្ខុវិស័យលើការពង្រីកវិសាលភាពវិនិយោគ ក៏ដូចជាផែនការវិនិយោគរបស់ខ្លួន ដែលគិតថាស័ក្តិសមទៅនឹងសក្តានុពលជាក់ស្តែងរបស់កម្ពុជា។ ទន្ទឹមនឹងការបង្ហាញពីផែនការវិនិយោគ ភាគីកូរ៉េក៏បានយកឱកាសនេះលើកឡើងនូវចំណុចមួយចំនួន និងសំណូមពរចាំបាច់នានា ដើម្បីជាប្រយោជន៍ដល់ការប្រតិបត្តិការអាជីវកម្មឱ្យកាន់តែរលូន។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងអំណរគុណចំពោះគណៈប្រតិភូធុរកិច្ចកូរ៉េ ដែលបានសម្លឹងឃើញពីសក្តានុពលជាវិជ្ជមានរបស់កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានទទួលស្តាប់នូវរាល់ការលើកឡើងរបស់វិនិយោគិនកូរ៉េដោយយកចិត្តទុកដាក់ និងបានជម្រាបជូននូវព័ត៌មានបច្ចុប្បន្នភាពពាក់ព័ន្ធសំខាន់ៗ ដើម្បីស្រាយនូវចម្ងល់ និងបានជាមូលដ្ឋានបន្ថែមសម្រាប់ការសម្រេចចិត្ត ក្នុងនោះរួមមាន៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ, ផែនការពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅ, ផែនការមេភស្តុភារកម្ម ២០២៣-២០៣, និងការប្រើប្រាស់ថាមពលបៃតង ដែលបច្ចុប្បន្ន កម្ពុជាមានអានុភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីចេញពីប្រភពថាមពលកកើតឡើងវិញ ដែលជាថាមពលស្អាត ប្រមាណជាង 63% នៃអានុភាពតម្លើងក្នុងស្រុកសរុប ឈរលំដាប់ទី២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសឡាវ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចផងដែរអំពីការលើកកម្ពស់មុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិ តាមរយៈស្ថាប័នសារព័ត៌មានសេដ្ឋកិច្ចលំដាប់ពិភពលោក Bloomberg ដែលគ្រោងនឹងធ្វើការផ្សាយផ្ទាល់ (Live Broadcasting) នឹងធ្វើចេញពីរាជធានីភ្នំពេញនាថ្ងៃសុក្រ ទី២៤ ខែកក្កដានេះ ផ្ទាល់តែម្តង។
ដើម្បីបង្កើនភាពជឿជាក់ និងធានានូវបរិយាកាសវិនិយោគប្រកបដោយតម្លាភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីយន្តការនានាដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ សំដៅធ្វើឱ្យទំនាក់ទំនងរវាងរដ្ឋនិងផ្នែកឯកជន កាន់តែមានភាពជិតស្និទ្ធ និងបើកចំហរ និងដើរតួជាវេទិកាសម្រាប់ការពិភាក្សាផ្លាស់ប្តូរយោបល់ សំដៅរួមគ្នាស្វែងរកដំណោះស្រាយលើរាល់បញ្ហាប្រឈម ជូនវិនិយោគិនបានទាន់ពេលវេលា។
មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីពីការត្រៀមលក្ខណៈរួចជាស្រេចរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្តល់កិច្ចសម្របសម្រួលវិនិយោគនានាជូនដល់គ្រប់ក្រុមហ៊ុនទាំងអស់។ ជំនួបពិភាក្សាការងារនារសៀលនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល យោគយល់ ដែលជាសញ្ញាណវិជ្ជមានក្នុងការជំរុញ និងទាក់ទាញលំហូរទុនវិនិយោគពីសាធារណរដ្ឋកូរ៉េមកកាន់កម្ពុជាឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត៕



























