(ស្ទឹងត្រែង)៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ សាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចឃុំខ្លួនលោក អ៊ុំ សុភឿន ដែលជាមន្ដ្រីបម្រើការនៅការិយាល័យបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តស្ទឹងត្រែង ដាក់ពន្ធនាគារបណ្តោះអាសន្ន បន្ទាប់ពីរូបលោកត្រូវបានចោទប្រកាន់ពីបទ «លួចលក់អចលនវត្ថុអ្នកដទៃដែលមិនមែនជារបស់ខ្លួន»។
ការសម្រេចឃុំខ្លួននេះ គឺជាវិធានការនីតិវិធីតុលាការ ដើម្បីបន្តចាត់ការសំណុំរឿងតាមផ្លូវច្បាប់។ ទោះជាយ៉ាងណា ការចោទប្រកាន់នៅដំណាក់កាលនេះ មិនទាន់មានន័យថា ជនត្រូវចោទត្រូវបានផ្តន្ទាទោសជាស្ថាពរនោះទេ ដោយត្រូវរង់ចាំដំណើរការនីតិវិធី និងការសម្រេចរបស់តុលាការតាមច្បាប់ជាធរមាន។
លោក អ៊ុំ សុភឿន (ជាមន្ត្រីដែលបានផ្ទេរភារកិច្ចមកពីសាលាខេត្តព្រះវិហារ ក្នុងឆ្នាំ២០២៥) ត្រូវបានរកឃើញថា មានឈ្មោះជាប់ពាក់ព័ន្ធនឹងការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន លើបញ្ហាទំនាស់ការគ្រប់គ្រង កាន់កាប់ និងលក់ដូរដីធ្លី ស្ថិតនៅក្នុងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយមានទំនាស់ជាមួយលោកស្រី អៀវ វុទ្ធី រស់នៅក្រុងព្រះវិហារ ខេត្តព្រះវិហារ។
រដ្ឋបាលខេត្តបានបញ្ជាក់ថា បន្ទាប់ពីមន្ត្រីជំនាញ និងផ្នែកពាក់ព័ន្ធបានចុះស្រាវជ្រាវផ្ទាល់ដល់ទីតាំងកើតហេតុ និងប្រមូលព័ត៌មានជុំវិញករណីនេះ អាជ្ញាធរខេត្តបានតម្រូវឱ្យ លោក អ៊ុំ សុភឿន ចុះដោះស្រាយបញ្ហាដីធ្លីនោះឱ្យបានដាច់ស្រឡះតាមគោលការណ៍ច្បាប់។
ទន្ទឹមនឹងនេះ ដើម្បីធានាតម្លាភាព និងប្រសិទ្ធភាពក្នុងការអនុវត្តនីតិវិធីគ្រប់គ្រងបុគ្គលិករដ្ឋបាលស៊ីវិល រដ្ឋបាលខេត្តស្ទឹងត្រែងបានសម្រេច៖ ១៖ ផ្អាកការងារបណ្តោះអាសន្ន ចំពោះលោក អ៊ុំ សុភឿន ២៖ ដាក់ឱ្យស្ថិតក្រោមការតាមដាន និងត្រួតពិនិត្យ យ៉ាងម៉ឺងម៉ាត់ពីសំណាក់ក្រុមប្រឹក្សាវិន័យនៃរដ្ឋបាលខេត្តស្ទឹងត្រែង៕


