កណ្តាល៖ ដីសាលាបឋមសិក្សាកំពង់ចម្លង ដែលស្ថិតនៅភូមិកំពង់ចម្លង ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ត្រូវបានគេដឹងច្បាស់ថាត្រូវបានកាត់ឆ្វៀលចេញទៅជាកម្មសិទ្ធឯកជន។
វាជារឿងដែលមិនអាចទៅរួច ដែលអាចយកដីសាលារៀនរបស់រដ្ឋ កាត់ឆ្វៀលប្រែក្លាយទៅជាកម្មសិទ្ធិឯកជន ដែលយើងមិនដឹងថាមាននីតិវិធីបែបណានោះទេ? ដែលដីនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។
ក្នុងករណីនេះភ្នាក់ងារបស់យើងបានធ្វើការទំនាក់ទំនងទៅលោក ឡេង ទី មេភូមិកំពង់ចម្លង តែលោកមិនលើកទូរស័ព្ទ ចំណែកលោក ចែ ងួន ជំទប់ទី១នៃឃ៉ំកំពង់ចម្លង លោកបានប្រាប់ថាលោកមិនបានដឹងនោះទេ។ ចំណែកលោក សន សឿន មេឃ៉ំកំពង់ចម្លង បានប្រាប់អ្នកសារព័ត៌មានឳ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ថា៖ករណីហ្នឹងនឹងធ្វើការដោះស្រាយនៅរសៀលថ្ងៃនេះ។ ហើយចំពោះ លោក ស៊ុត ចន្ថា ប្រធានការិយាល័យនៃមន្ទីរអប់រំយុវជន និងកីឡា ស្រុកខ្សាច់កណ្ដាល ភ្នាក់ងាររបស់យើងធ្វើការទំនាក់ទំនងដែរ តែទូរស័ព្ទជាប់រវល់រហូត។
ចំពោះការកាត់ឆ្វៀលដីនៃសាលាបឋមសិក្សាកំពង់ចម្លងនេះ លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល បានប្រាប់អ្នកសារព័ត៌មានឳ្យដឹងថា លោកកំពុងស្រាវជ្រាវ ចំពោះករណីនេះ។
ជ៉ំវិញរឿងនេះភ្នាក់ងារបស់យើងនៅមិនទាន់ដឹងជាក់លាក់ថាដីដែលកាត់ឆ្វៀលនោះមានទំហំប៉ុណ្ណានោះទេ តែនឹងរង់ចាំតាមដានបន្ត ចំពោះការដោះស្រាយនៅថ្ងៃនេះ និងរីករាយរាល់ការការបំភ្លឺបន្ថែមទៀតចំពោះភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕



