ខេត្តមណ្ឌលគីរី÷លោកលឹម ចាន់សូភី អតីតប្រធានមន្ទីរ សុរិយោដីខេត្ដមណ្ឌលគីរី ហ៊ានចេញប័ណ្ណកម្មសិទ្ធិ ដីធ្លីអោយទៅ មន្រ្តីយោធាជាន់ខ្ពស់ម្នាក់ គឺលោកវរសេនីយ៍ឯក សុផាត សេរីវុទ្ធី ទាំងបំពានសេចក្ដីសម្រេច របស់តុលាការចំនួនបី និងបណ្ដឹង ទប់ស្កាត់របស់ជនជាតិដើមភាគតិច ពូនង ចំនួនបីលើកដែលប្ដឹងទប់ស្កាត់ចូលមន្ទីររៀបចំដែនដី រួមទាំងបណ្ដឹងសុំអន្តរាគមន៍ គោរពជូនរដ្ឋបាលខេត្តមណ្ឌលគិរី ។
គ្រួសារសារងគ្រោះជនជាតិដើមពូនង អ្នកស្រីឡាច ព្លើល និងលោកស្រី ចន្ថា ស្រីម៉ៅ សូមអំពាវនាវដល់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ សូមជួយអន្តរាគមន៍ និងធ្វើអធិការកិច្ច ចំពោះការចេញប័ណ្ណកម្មសិទ្ធរំលោភយកដីស្រែចំការ និងឈូសឆាយបំផ្លិចបំផ្លាញផលដំណាំគាត់គ្មានសល់ ពីសំណាក់លោក សុផាត សិរីវុទ្ធី។ ដោយអ្នកស្រីបានអះអាងថាដីរបស់អ្នកស្រី និងកូនស្រីឈ្មោះ ចន្ថា ស្រីម៉ៅ ត្រូវបានរដ្ឋបាលស្រុកអូររាំងបង្កើតគណៈកម្មការធ្វើការវាស់វែងមានការបញ្ជាក់ទំហំដី កំណត់បញ្ជាក់ព្រំដី ជើង-ត្បូង-កើត-លិច ច្បាស់លាស់ និងមានការចុះហត្ថលេខា និងត្រាពីលោក ប្លង់ សេង មេភូមិពូត្រែង និងលោក ចាស ណា មេឃុំដាក់ដាំ (ហើយការចូលរួមវាស់វែងកាលនោះក៏មានការចូលរួមពីលោក សុផាត សិរីវុទ្ធី ផងដែរ)។
ដោយដីនោះមានបីប័ណ្ណទំហំសរុប ១៦១,២៦១ម៉ែត្រការ៉េ
ចំណែតលោក សុផាត សិរីវុទ្ធី មិនមានឯកសារណាច្បាស់លាស់នោះទេ គឺម្តងឯកសារនៅដីនៅភូមិពូឆប មានទំហំមិនច្បាស់លាស់ ក្រោយមកក៏បង្កើតឯកសារនៅភូមិពូត្រែង ដោយគ្មានទំហំច្បាស់លាស់ គ្មានព្រំប្រទល់ច្បាស់លាស់ ឯកសារខ្លះមានស្នាមមេដៃ ឯកសារខ្លះគ្មានស្នាមមេដៃ ឯកសារខ្លះគ្មានការចូលរួមពីមេភូមិ ហើយឯកសារខ្លះមានប្រើត្រាជ័ររបស់មេឃុំដាក់ដាំ ហើយឯកសារមួយទៀតចុះហត្ថលេខារបស់លោក សន់ សុខគង់ តាំងពីឆ្នាំ២០២ ដែលគិតមកដល់ឆ្នាំ២០២៦ គឺជាង១៨២៤ឆ្នាំមុន។
បើទោះជាឯកសារខុសទីតាំងគ្នា ឯកសារគ្មានភាពច្បាស់លាស់ គ្មានទំហំ គ្មានព្រំប្រទល់ច្បាស់យ៉ាងណាក្តី ក៏ចៅក្រម លី លីបម៉េង ដែលមានក្រឡាបញ្ជី ថូ សុធី ចេញសេចក្តីសម្រេចចេញដីការចាត់ចែងបណ្តោះអាសន្ន ដែលមានលេខ ២២១/២១ របស់សាលាដំបូងខេត្តមណ្ឌលគីរី។
ហើយត្រូវបានអ្នកស្រី ឡាច ព្លើល និងអ្នកស្រី ចន្ថា ស្រីម៉ៅ ដាក់ពាក្យស្នើសុំតវ៉ាចំពោះដីការសម្រេចរក្សាការពារ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយត្រូវបានសាលាដំបូងខេត្តមណ្ឌលគីរីចេញសេចក្តីសម្រេចលេខ:១០ ដរ/២៣ មានចៅក្រម ថាន់ ឡេង ដែលមានក្រឡាបញ្ជី ថូ សុធី។
ហើយត្រូវបានលោក សុផាត សិរីវុទ្ធី ប្តឹងជំទាស់សេចក្តីសម្រេចតវ៉ា នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ របស់អ្នកស្រី ឡាច ព្លើល និងអ្នកស្រី ចន្ថា ស្រីម៉ៅ ទៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ តែត្រូវបានសាលាឧទ្ធរណ៍ចេញដីការសម្រេចលេខ:៨០រ.កក្រI(ម.ម.ច)ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ច្រានចោលបណ្តឹងជំទាន់របស់លោក នង វណ្ណៈ មេធាវីការពារសិទ្ធឳ្យលោក សុផាត សិរីវុទ្ធី។ ដោយសាលាឧទ្ធរណ៍បានឳ្យអ្នកស្រី ឡាច ព្លើល និង អ្នកស្រី ចន្ថា ស្រីម៉ៅ ចូលទៅអាស្រ័យផលលើដីរបស់ខ្លួនវិញ តែពេលចូលទៅអាស្រ័យផល ត្រូវបានលោក សុផាត សិរីវុទ្ធី ប្តឹងក្នុងបទល្មើសព្រហ្មទណ្ឌទៅវិញ។ ដោយនិយាយរួមទៅគឺជាប់រក្សាការពារដោយមិនអាចចេញប្លង់ទៅភាគីណាទាំងអស់។ បើទោះជាមានរក្សាការពារ និងបណ្តឹងទប់ស្កាត់គ្រប់បែបយ៉ាងក៏លោក លឹម ចាន់សូភី នៅតែចេញប័ណ្ណកម្មសិទ្ធឳ្យឈ្មោះ សុផាត សិរីវុទ្ធី ចំនួនបីប័ណ្ណបាន ទំហំសរុបជាង ១៦ហិកតា គឺរំលោភយកទាំងអស់តែម្តង! តើសំអាងលើឯកសារអ្វី?
ក្រោមស្នាដៃគប់គិតគ្នារបស់លោក លឹម ចាន់សូភី ប្រធានមន្ទីររៀបចំដែនដី ខេត្តមណ្ឌលគីរី ប្រើប្រាស់ឯកសារទីតាំងផ្សេង គប់គិតនឹងលោកយោធាពាក់សក្ដិប្រាំ សុផាត សេរី វុទ្ធី អតីតយោធាសឹករងខេត្ដមណ្ឌលគីរី ដោយបច្ចុប្បន្នផ្ទេរមកភ្នំពេញហើយ បានចេញបណ្ណ័កម្មសិទ្ធរំលោភយកដីរបស់គាត់អស់គ្មានសល់ ដែលមានទំហំជាងដប់ប្រាំហិកតា ស្ថិតនៅភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
ជុំវិញករណីខាងលើ លោកមេភូមិពូត្រែង និងលោកមេឃុំដាក់ដាំ បានបកស្រាយបំភ្លឺ ឳ្យក្រុមអ្នកសារព័ត៌មាន យើងដឹងដូចគ្នាថាពួកគាត់ទទួលស្គាល់ថាពួកគាត់ពិតជាបានចុះហត្ថលេខាលើលិខិតស្នើសុំកាន់កាប់ និងប្រើប្រាស់ដីធ្លី របស់អ្នកស្រី ឡាច ព្លើល និង ចន្ថា ស្រីម៉ៅ ព្រមទាំងទទួលស្គាល់ថាអ្នកទាំងពីរពិតជាប្រជាពលរដ្ឋដែលមានដីនៅក្នុងភូមិ-ឃុំរបស់ពួកគាត់ ហើយរឿងចុះហត្ថលេខា លើលិខិត ស្នើសុំកាន់កាប់ និងប្រើប្រាស់ អោយទៅឈ្មោះ សុផាត សេរីវុទ្ធី កាលពីឆ្នាំ២០២០ គឺជាទីតាំងកន្លែងផ្សេង ហេតុអ្វីបានជាឈ្មោះ សុផាត សេរីវុទ្ធី យកឯកសារនោះទៅរំលោភយកដីគេទៅវិញ ព្រោះលោកស្គាល់ច្បាស់ណាស់ ទីតាំងដីពាក់ពន្ធ័ខាងលើជាដីរបស់ អ៊ុស្រី ឡាច ព្លើល និងឈ្មោះចន្ថា ស្រីម៉ៅ ពិតប្រកដណាស់ ដែលបានកាន់កាប់ និងអាស្រ័យផល ច្រើនឆ្នាំមកហើយ ។
ករណីនេះលោក លឹម ចាន់សូភី ប្រធានមន្ទីររៀបចំដែនដី ខេត្តមណ្ឌលគីរី បានឳ្យក្រុមការងារអ្នកសារព័ត៌មានយើងជួប ដើម្បីផ្តល់ព័ត៌មាននៅខេត្តមណ្ឌលគិរី ដោយឯកសារខ្លះមិនអាចទំនាក់ទំនង និងនិយាយតាមទូរស័ព្ទបាន។ តែនៅពេលក្រុមការងារនៅជួបដល់ខេត្តមណ្ឌលគិរី គាត់ថាគាត់ចូលនិវត្តន៍ហើយ! និងបានប្រាប់ថាប្លង់ដីនោះបានចេញដោយរដ្ឋបាលសុរិយោដី ក្រោយមកទៀតថាចេញដោយតុលាការទៅវិញ។ ការផ្តល់ព័ត៌មានរបស់លោក លឹម ចាន់សូភី ប្រធានមន្ទីររៀបចំដែនដី ខេត្តមណ្ឌលគីរី រូបនេះហាក់មិនមានភាពច្បាស់លាស់ទាល់តែសោះ!
ក្រោយមកក៏មានឈ្មោះក្នុងគនីណីតេលេក្រាមថា Yin Leangkong ដែលបញ្ជាក់ថាប្រើតួនាទីជាប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា ក្នុងនាមជា លោក សុផាត សេរីវុទ្ធី បានបញ្ជាក់ថា (សារសម្លេង)
ចំណែកលោក សៀក មុន្នី អភិបាលស្រុកអូររាំងបានបញ្ជាឳ្យមន្រ្តីជំនាញ វាស់វែងដីនោះ ជូនអ្នកស្រី ឡាច ព្លើល និងអ្នកស្រី ចន្ថា ស្រីម៉ៅ ពិតមែន ដោយយោងលើកំណត់ហេតុស្តីពីការពិនិត្យទីតាំងដីធ្លីចុះហត្ថលេខាដោយលោក សៀក មុន្នី ផ្ទាល់នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។
អ្នកស្រី ឡាច ព្លើល រួមទាំងក្រុមគ្រួសារទទូចស្នើសុំដល់ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូនីយកម្មសំណង់ និងសុរិយោដី ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សូមជួយអន្តាគមន៍ដល់ពួកគាត់ផងដើម្បីបានដីពួកគាត់មកអាស្រ័យផលមកវិញ និងចេញប័ណ្ណកម្មសិទ្ធជូនពួកគាត់៕




























