(ពោធិ៍សាត់)៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នាយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មានបឋម ជុំវិញករណីបង្ក្រាបករណីមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងប្រើអំពើហិង្សាក្នុងគ្រួសារមួយ នៅអូសោម ដោយជនសង្ស័យបានបោកគ្រាប់បែក បណ្តាលឱ្យមន្រ្តីនគរបាល និងប្រជាការពារចំនួន ៥រូប បានពលីជីវិត ជនបង្កម្នាក់ស្លាប់ និងប្រជាការពារម្នាក់ទៀតរងរបួសធ្ងន់។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១៧:០០នាទី នៅចំណុចអូរបាយក្រៀម ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
យោងតាមសេចក្តីប្រកាសព័ត៌មានបឋមរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ករណីនេះបានកើតឡើងបន្ទាប់ពីប្រពន្ធរបស់ជនសង្ស័យឈ្មោះ អែម ដុំ បានទៅប្ដឹងលោកមេប៉ុស្តិ៍អូរសោម អំពីប្ដីរបស់ខ្លួនបានប្រើអំពើហិង្សាវាយដំមកលើខ្លួន។
ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាម លោកអនុសេនីយ៍ឯក សោម រ៉ា នាយប៉ុស្តិ៍ បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងប្រជាការពារសរុបចំនួន ៧នាក់ ចុះទៅអន្តរាគមន៍ភ្លាមៗ។
នៅពេលកម្លាំងសមត្ថកិច្ចចូលទៅបង្ក្រាបនាំខ្លួនជនសង្ស័យ ជនសង្ស័យបានគំរាមកំហែងមិនឲ្យចូល។ ពេលនោះ លោកមេប៉ុស្តិ៍ និងប្រជាការពារបានស្ទុះចូលទៅឱបជនសង្ស័យ ស្រាប់តែជនសង្ស័យដែលមានគ្រាប់បែកនៅនឹងដៃ បានប្រលែងគ្រាប់បែកផ្ទុះឡើង បណ្ដាលឲ្យមានការបាត់បង់ជីវិត និងរបួសធ្ងន់។
ក្នុងហេតុការណ៍នេះ បានបណ្តាលឱ្យ លោកអនុសេនីយ៍ឯក សោម រ៉ា នាយប៉ុស្តិ៍, លោកអនុសេនីយ៍ត្រី សូ សុវណ្ណារិទ្ធ មន្ត្រីប៉ុស្តិ៍, លោក ជន ប្រិម ប្រជាការពារ, លោក សុខ អាន ប្រជាការពារ, លោក ចិន្តា ប្រជាការពារ និងជនបង្កឈ្មោះ អែម ដុំ បានស្លាប់បាត់បង់ជីវិត។ ចំណែកលោក វ៉ី វឿន ប្រជាការពារ បានរងរបួសធ្ងន់៕




