(កណ្ដាល)៖ អ្នកបើករថយន្តសាលាឯកជនម្នាក់នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលបានចាប់រំលោភ និងបៀតបៀនកេរខ្មាសលើកុមារីដែលជាសិស្សសាលា ត្រូវបានសាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ។
ជនសង្ស័យឈ្មោះ ស៊ឹម សុគា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរអ្នកបើករថយន្ត និងមានទីលំនៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ចំពោះអ្នកបើករថយន្តដែលរំលោភ និងបៀតបៀនកេរខ្មាសលើកុមារីជាសិស្សសាលា ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាល សហការជាមួយអង្គភាពការពារកុមារ (CPU) ស្រាវជ្រាវរហូតដល់ចាប់ខ្លួនដោយទទួលព័ត៌មានថាបុគ្គលម្នាក់នេះបានចាប់រំលោភលើកុមារីចំនួន៣នាក់ និងបៀតបៀនកេរខ្មាសលើកុមារីជាសិស្សសាលាផ្សេងទៀត។
គួរឱ្យដឹងថា ដោយមានការសម្របសម្រួលពីលោក លាង អ៊ូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការរនគរបាលខេត្តកណ្តាល ចាត់ឱ្យកម្លាំងនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង សាវុធ ស្នងការរង សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានចុះស្រាវជ្រាវស៊ើបអង្កេតជាលទ្ធផលរកឃើញករណីផលិត កាន់កាប់រូបភាព សម្ភារៈអាសអាភាសកុមារ និងរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ដោយកើតហេតុអំឡុងខែកក្កដា ឆ្នាំ២០២៥ និងខែសីហា ឆ្នាំ២០២៦ នៅសាលាអន្តរជាតិ ខ.ព.ភ.ប.ញ ទីតាំងនៅភូមិបឹង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
បច្ចុប្បន្នជននេះ សង្ស័យត្រូវបានសាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគាររួចហើយ៕


