ខេត្តបន្ទាយមានជ័យ៖ ភូមិប៉ាលីល័យមួសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កំពុងតែក្លាយជាប្រធានបទក្តៅ និងគួរឱ្យកត់សម្គាល់ នៅលើបណ្តាញសង្គម ក៏ដូចជាការរិះគន់ពីមហាជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពាក់ព័ន្ធនឹងករណីព្រះចៅអធិការវត្តថ្មី បានបញ្ជាឱ្យកម្មករប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ បុកគ្រឹះធ្វើបង្គោលភ្លើងសូឡា។ អ្វីដែលធ្វើឱ្យមហាជនហួសចិត្ត និងងឿងឆ្ងល់ខ្លាំងនោះគឺ បង្គោលភ្លើងសូឡាធម្មតា សោះ តែបែរជាបុកគ្រឹះសសរគ្រឹះយ៉ាងធំ និងជ្រៅ ដែលមានលក្ខណៈដូចជាការបុកគ្រឹះសាងសង់អគារ ឬផ្ទះល្វែងកម្ពស់ ៣ ជាន់ទៅវិញ។
ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្លូវមួយកន្លែង ដែលរូបភាពបង្ហាញឱ្យឃើញពីគ្រឿងចក្របុកគ្រឹះ (Piling Machine) ម៉ាក KATO កំពុងប្រតិបត្តិការបុកសសរគ្រឹះបេតុងចូលទៅក្នុងដី។ សសរគ្រឹះទាំងនោះមានទំហំធំ និងវែង ដែលមិនស័ក្តិសមទាល់តែសោះសម្រាប់ការធ្វើគ្រឹះបង្គោលភ្លើងសូឡាតូចមួយ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានឱ្យដឹងថា ការសាងសង់នេះ ត្រូវបានគេសង្កេតឃើញថានៅលើដីចំណីផ្លូវរបស់រដ្ឋ។ នៅពេលដែលប្រជាពលរដ្ឋឃើញដូច្នោះ ក៏បានទៅពន្យល់ និងហាមឃាត់ព្រះចៅអធិការ កុំឱ្យបន្តការសាងសង់នៅលើដីសាធារណៈរបស់រដ្ឋ ប៉ុន្តែព្រះចៅអធិការមិនព្រមស្តាប់ និងហាក់ដូចជាមិនខ្វល់ពីការហាមឃាត់ទាំងនោះឡើយ។
ប្រជាពលរដ្ឋជាច្រើនមានការងឿងឆ្ងល់ និងមិនសប្បាយចិត្តជាខ្លាំង ចំពោះសកម្មភាពរបស់ព្រះចៅអធិការវត្ត ដែលត្រូវបានគេដាក់រហស្សនាមឱ្យថាជា “កំពូលវិស្វករស្រុកខ្មែរ” ព្រោះការសាងសង់នេះមានលក្ខណៈប្លែក និងមិនសមហេតុផលទាល់តែសោះ។
មហាជន ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយចុះពិនិត្យ និងដោះស្រាយករណីនេះឱ្យបានឆាប់រហ័ស ដើម្បីកុំឱ្យមានការរំលោភយកដីចំណីផ្លូវរបស់រដ្ឋ និងដើម្បីធានាបាននូវសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
គេហទំព័ររបស់យើងខ្ញុំនឹងបន្តតាមដានព័ត៌មាននេះ និងចុះផ្សាយជូនពលរដ្ឋជាបន្តទៀត នៅពេលទទួលបានព័ត៌មានថ្មីៗបន្ថែមទៀត៕







