កណ្តាល៖ ក្រុមថ្មីមួយទៀតបានធ្វើសកម្មភាពបូមខ្សាច់តាមដងទន្លេមេគង្គនៅក្នុងឃុំពុកឬស្សី ក្នុងស្រុកខ្សាច់កណ្តាល និងសង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង ក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល។
នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោក ហង្ស វិចិត្រ ដែលជាតំណាងក្រុមហ៊ុន ឃុន សៀ អ៊ីមផត អ៊ិចផត(KHU SEA Import Export Co.l td បានបើកវេទិការសាធារណៈមួយ នៅក្នុងវត្ត ព្រហ្មចារីយ៍(ហៅវត្តព្រែកក្របៅ)ក្នុងសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ក្នុងវេទិការនោះមានប្រជាពលរដ្ឋមួយចំនួន ដែលមានលំនៅដ្ឋាននៅជាប់មាត់ទន្លេ អាចារ្យគណៈកម្មាការវត្ត រួមទាំងអាជ្ញាធរភូមិ ដែលការផ្សព្វផ្សាយដូចជាមិនសូវទូលំទូលាយនោះទេ។
កាលដែល នឹងធ្វើសកម្មភាពបូមខ្សាច់ក្រុមហ៊ុន ឃុន សៀ ដោយមានប្រកាសពីក្រសួងរ៉ែ និងថាមពល លេខ:១៤៨៥៣ រថ អខស ប្រក ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដែលសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុន ឃុន សៀ ធ្វើអាជីវកម្មបូមខ្សាច់ ស្ថិតនៅតានដងទន្លេមេគង្គ ក្នុងឃុំពុកឬស្សី ក្នុងស្រុកខ្សាច់កណ្តាល សង្កាត់ព្រែកលួង-សង្កាត់ព្រែកអំពិល ក្នុងក្រុងអរិយក្សត្រ នៃខេត្តកណ្តាល ទំហំ៦០.៨៧ហិកតា ដែលមាននិយាមការតាមប្រពន្ធ WGS_1984_UTM_Zone_48N។
សូមរម្លឹកផងដែរថា សង្កាត់ព្រែកអំពិលគឺមានការបាក់ច្រាំងខ្លាំង ស្ទើរតែជិតដល់ផ្លូវ70B ហើយក្រុងអរិយក្សត្រ គឺមានក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មបូមខ្សាច់ គឺក្រុមហ៊ុន Global Green Energy Cambodia Co.ld ហើយនៅពេលខាងមុខ នឹងមានសកម្មភាពបូមខ្សាច់មួយទៀតគឺក្រុម ឃុន សៀ។
ចំពោះសកម្មភាពដែលកំពុងបូមខ្សាច់នៅពេលបច្ចុប្បន្នប្រជាពលរដ្ឋមានការបារម្ភទៅហើយ ចុះបើនឹងមានក្រុមហ៊ុនមួយទៀតធ្វើសកម្មភាព តើជាក្តីបារម្ភរបស់ពលរដ្ឋបន្ថែម ឬមកជួយបូមកុំឱ្យបាក់ដី បាក់ច្រាំង?
ចំពោះករណីនេះមានតែទុកជូនក្រុមហ៊ុន មន្ទីរ-ក្រសួង និងស្ថាប័នជំនាញ ដើម្បីធ្វើការពន្យល់ពីលក្ខណៈបច្ចេកទេសជូនប្រជាពលរដ្ឋ និងយកចិត្តទុកដាក់ឱ្យបានខ្ពស់ពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតាមដងទន្លេ៕




















