(ភ្នំពេញ)៖ លោក អ៉ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ យកចិត្តទុកដាក់ចាត់ការសំណុំរឿងករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យអ្នកជិះម៉ូតូស្លាប់ ដោយសាររថយន្ដធុនធំកិននៅខណ្ឌដង្កោ ឲ្យបានឆាប់រហ័ស និងខិតខំសម្របសម្រួលដើម្បីរកដំណោះស្រាយសំណងជូនជនរងគ្រោះ និងចាត់បន្តតាមនីតិវិធីច្បាប់ឱ្យបានត្រឹមត្រូវ។
កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ម៉ោង ១៤៖១៧នាទី នៅចំណុចមុខក្រុមហ៊ុនបូសខនអ៊ិនវេសមិន ផ្លូវលេខ១០៤ ភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក HYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3F-8876 មានសណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-8550 បើកបរដោយឈ្មោះ វ៉ាន់ លាប និងម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1DH-5855 បើកបរដោយឈ្មោះ សុំ នីសា បណ្តាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ សុំ នីសា ស្លាប់ ចំណែកអ្នកបើកបររថយន្តឈ្មោះ វ៉ាន់ លាប បានរត់គេចខ្លួន។
ករណីនេះ, តំណាងអយ្យការ បានចោទប្រកាន់អ្នកបើកបររថយន្តឈ្មោះ វ៉ាន់ លាប បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដ៏ទៃ តាមមាត្រា ៨៥ កថាខណ្ឌ ២ ចំណុច ឃ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងបានបញ្ជូនសំណុំរឿងនេះមកចៅក្រមស៊ើបសួរ។
បន្ទាប់ពីទទួលបានសំណុំរឿងនេះ, ចៅក្រមស៊ើបសួរបានយកចិត្តទុកដាក់ចាត់ការសំណុំរឿងនេះ ដោយបានធ្វើការកោះហៅភាគីពាក់ព័ន្ធ រួមមាន៖ ក្រុមហ៊ុន ដែលជាអ្នកទទួលខុសត្រូវរដ្ឋប្បវេណី, គ្រួសារជនរងគ្រោះ , សាក្សីជាសមត្ថកិច្ច និងបង្គាប់ឱ្យជនត្រូវចោទចូលខ្លួន ជាបន្តបន្ទាប់នៅថ្ងៃទី១០, ១១, ១២, និងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ។
បច្ចុប្បន្នសំណុំរឿងនេះកំពុងស្ថិតក្នុងចំណាត់ការរបស់ចៅក្រមស៊ើបសួរ ហើយចៅក្រមស៊ើបសួរ យកចិត្តទុកដាក់ចាត់ការសំណុំរឿងនេះឱ្យបានឆាប់រហ័ស និងខិតខំសម្របសម្រួលដើម្បីរកដំណោះស្រាយសំណងជូនជនរងគ្រោះ និងចាត់បន្តតាមនីតិវិធីច្បាប់ឱ្យបានត្រឹមត្រូវ៕



