នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ព្រឹត្តិការណ៍ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី៩ ក្រោមប្រធានបទ “TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល” ត្រូវបានប្រារព្ធឡើងនៅរាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងក្រុមហ៊ុន ZO MOTORS បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ផ្ដោតលើការបណ្តុះបណ្តាលជំនាញយានយន្តអគ្គិសនី និងការកសាងប្រព័ន្ធធ្វើដំណើរប្រកបដោយសុវត្ថិភាព ដើម្បីរួមចំណែកជម្រុញការអភិវឌ្ឍវិស័យ TVET ក្នុងស្រុក និងការធ្វើបច្ចុប្បន្នភាពឧស្សាហកម្មថាមពលអគ្គិសនី។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន ZO MOTORS ក៏បានប្រគល់រថយន្តជូនដល់ក្រសួងការងារ សម្រាប់បម្រើការដល់ការបង្រៀនក្នុងទម្រង់អប់រំវិជ្ជាជីវៈផ្សេងៗគ្នាជាច្រើនគ្រឿងផងដែរ ដោយក្នុងនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញទៅទស្សនផ្ទាល់នៅស្ដង់របស់ក្រុមហ៊ុន ZO MOTORS និងបានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

យោងតាមអនុស្សរណៈនៃការយោគយល់គ្នា ភាគីទាំងពីរនឹងផ្ដោតសំខាន់លើការអនុវត្តការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈយានយន្តអគ្គិសនី ដោយរួមគ្នាបង្កើតវគ្គបណ្តុះបណ្តាលប្រព័ន្ធយានយន្តអគ្គិសនី ដែលក្នុងនោះបូករួមទាំង ការបើកបរយានយន្ត ការជួសជុលថែទាំ ការបញ្ចូលថាមពលអគ្គិសនី និងការប្រតិបត្តិការសុវត្ថិភាពអាគុយ ព្រមទាំងមានគ្រូបង្រៀនជំនាញដោយផ្ទាល់ពីក្រុមហ៊ុន ZO MOTORS។ ក្រសួងការងារកម្ពុជានឹងរៀបចំចាត់ចែងឱ្យលោកគ្រូ-អ្នកគ្រូ និស្សិតនៃគ្រឹះស្ថានវិជ្ជាជីវៈ ព្រមទាំងបុគ្គលិកកំពុងបម្រើការងារ ចូលរួមក្នុងការអនុវត្តផ្ទាល់ ការធ្វើកម្មសិក្សា និងការរៀនសូត្រនៅកន្លែងការងារ។ ក្រុមហ៊ុន ZO MOTORS នឹងបញ្ជូនអ្នកជំនាញបច្ចេកទេសមកធ្វើការបង្រៀន និងបង្កើតឲ្យមាន “ថ្នាក់រៀនចល័ត” ដើម្បីចុះទៅបណ្តុះបណ្តាលជំនាញដល់តំបន់ដាច់ស្រយាល ក្នុងគោលបំណងពង្រីកវិសាលភាពនៃការអប់រំវិជ្ជាជីវៈ។

នៅក្នុងផ្នែកនៃការធ្វើដំណើរប្រកបដោយសុវត្ថិភាព ភាគីទាំងពីរនឹងសហការគ្នាយ៉ាងសកម្មក្នុងការផ្សព្វផ្សាយរថយន្តអគ្គិសនីសម្រាប់ធ្វើដំណើរដែលបំពាក់នូវឧបករណ៍សុវត្ថិភាព SafeBox ដោយផ្តល់ការបណ្តុះបណ្តាលដល់អ្នកដែលប្រកបរបរក្នុងវិស័យនេះអំពី ការធ្វើដំណើរប្រកបដោយសុវត្ថិភាព ការឆ្លើយតបនឹងគ្រោះអាសន្ន ការថែទាំយានយន្ត និងការដាក់ចេញនូវគម្រោងហិរញ្ញវត្ថុបត់បែន ដើម្បីកាត់បន្ថយថ្លៃចំណាយទិញរថយន្តរបស់ក្រុមហ៊ុន ព្រមទាំងផ្សព្វផ្សាយនូវវិធីធ្វើដំណើរបៃតង និងសុវត្ថិភាព។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ក្រសួងការងារកម្ពុជា និងក្រុមហ៊ុន ZO MOTORS បានសហការគ្នាជម្រុញ “គម្រោងបណ្តុះបណ្តាលជំនាញចល័ត” តាមរយៈការរួមបញ្ចូលគ្នានូវឧបករណ៍បណ្តុះបណ្តាលនៅលើរថយន្តជំនាញ និងបំពាក់ប្រព័ន្ធថាមពលព្រះអាទិត្យ (Solar) ដើម្បីផ្តល់សេវាបណ្តុះបណ្តាលជំនាញដល់ផ្ទះសម្រាប់ប្រជាពលរដ្ឋនៅតាមភូមិដាច់ស្រយាល និងសហគមន៍មូលដ្ឋាន។ គំរូនេះនឹងអាចដោះស្រាយយ៉ាងមានប្រសិទ្ធភាពនូវការលំបាកក្នុងការដឹកជញ្ជូនឧបករណ៍បណ្តុះបណ្តាល ព្រមទាំងបញ្ហាខ្វះខាតការផ្គត់ផ្គង់អគ្គិសនីនៅតាមតំបន់មួយចំនួន ដែលធ្វើឱ្យក្រុមការងារបណ្តុះបណ្តាលអាចចុះទៅដល់មូលដ្ឋានផ្ទាល់ដើម្បីធ្វើការបង្រៀន។
