កណ្តាល៖យោងលិខិតអន្តរាគមន៍របស់ប្រជាពលរដ្ឋលើកទី១នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ដែលរដ្ឋបាលខេត្តកណ្តាលបោះត្រាចូលលេខ÷០១៧ប ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។
យោងលិខិតសុំអន្តរាគមន៍លើកទី២ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ដែលរដ្ឋបាលខេត្តកណ្តាលបោះត្រាចូលលេខ÷២១៣ប ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។
ដោយក្នុងលិខិតអន្តរាគមន៍មានខ្លឹមសារអំពីការស្នើសុំអន្តរាគមន៍ ឈ្មោះ ប៊ុន គាលី សូមគោរពជូនឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកណ្តាលសូមមេត្តាទានជ្រាប៖
កម្មវត្ថុ៖ ស្នើសុំអន្តរាគមន៍ករណីដោះស្រាយផលប៉ះពាល់រវាងក្រុមហ៊ុន ឃុន សៀ អ៉ីមផត អ៉ិចផត និងខ្ញុំបាទ ស្របតាមអនុក្រិត្យលេខៈ១០៧៦ សជណ ចុះថ្ងៃសុក្រ ៩កើត ខែមិកសិរ ឆ្នាំខា ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា។
យោង៖ -អនុក្រិត្យលេខៈ១០៧៦ សជណ ចុះថ្ងៃសុក្រ ៩កើត ខែមិកសិរ ឆ្នាំខា ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា។
-សេចក្តីបំភ្លឺព័ត៌មាន ចុះថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័កព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្តាល។
-សេចក្តីបំភ្លឺព័ត៌មាន ចុះចន្ទ ១៤រោច ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័កព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្តាល។
តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទ សូមគោរពជម្រាបជូន ឯកឧត្តម អភិបាល មេត្តាជូនជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ ខ្ញុំបាទ បានដាក់ពាក្យស្វ័យប្រកាស កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ស្របតាមគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្តកណ្តាល និងគោលការណ៍ក្រុមហ៊ុន រួចរាល់ហើយ ទោះបីជា រដ្ឋបាលខេត្តកណ្តាល មិនបានតម្រូវឲ្យប្រជាពលរដ្ឋដែលមានដីដែលមានទីតាំងស្ថិតនៅសង្កាត់ស្វាយជ្រុំធ្វើការស្វ័យប្រកាសក៏ដោយ។ តែរហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន ពុំបានអញ្ជើញ ខ្ញុំបាទ ចូលរួមក្នុងការសម្របសម្រួលផលប៉ះពាល់ ស្របតាមអនុក្រិត្យលេខ÷១០៧៦ សជណ ចុះថ្ងៃសុក្រ ៩កើត ខែ មិកសិរ ឆ្នាំខា ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា សោះ។ ខ្ញុំបាទបានដាក់ពាក្យស្នើសុំអន្តរាគមន៍ មករដ្ឋបាលខេត្តកណ្តាល ម្តងរួចហើយ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីដោះស្រាយផលប៉ះពាល់ជាមួយនឹងក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត។ ក្រុមហ៊ុន ឃុន សៀ អ៉ីមផត អ៉ិចផត មិនទាន់បានដោះស្រាយផលប៉ះពាល់ឲ្យខ្ញុំបាទ នៅឡើយទេរហូតមកដល់បច្ចុប្បន្ន។ តែផ្ទុយទៅវិញ ក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត និងរដ្ឋបាលខេត្តកណ្តាល បានប្រកាសថា៖ ក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត បានដោះស្រាយផលប៉ះពាល់បានចំនួន៩៥% នៃទំហំដីសរុប។
សំណូមពរ៖
ក្នុងករណីខាងលើ ខ្ញុំបាទ ស្នើសុំ ឯកឧត្តម អភិបាល មេត្តាពិនិត្យ និងសម្រេចដូចខាងក្រោម៖
១.ជម្រុញឲ្យ ក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត ដោះស្រាយផលប៉ះពាល់ឲ្យខ្ញុំបាទឲ្យបានឆាប់រហ័ស។
២. បើ ក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត មិនទាន់ដោះស្រាយផលប៉ះពាល់ឲ្យខ្ញុំបាទ តាមការស្នើសុំខាងលើ ខ្ញុំបាទស្នើសុំការអនុញ្ញាតពី ឯកឧត្តម អភិបាល ដើម្បីចូលកាន់កាប់ ប្រើប្រាស់ ចាត់ចែង គ្រប់គ្រង និងអាស្រ័យផលនៅលើដីរបស់ខ្ញុំបាទ ជាបណ្តោះអាសន្ន។
អាស្រ័យដូចបានជម្រាបជូននៅក្នុងកម្មវត្ថុ យោង និងមូលហេតុខាងលើ សូម ឯកឧត្តម អភិបាល មេត្តាពិនិត្យ និងសម្រេចតាមការស្នើសុំរបស់ខ្ញុំបាទ តាមនីតិវិធីច្បាប់ដោយក្តីអនុគ្រោះ។
សូម ឯកឧត្តម អភិបាល មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ។
ជុំវិញករណីនេះភ្នាក់ងាររបស់យើងធ្វើការផ្សព្វផ្សាយទាំងស្រុងទៅតាមលិខិតដែលអង្គភាពយើងខ្ញុំទទួលបាន ហើយអង្គភាពរបស់យើងខ្ញុំដែលស្វាគមន៍ការបំភ្លឺក្នុងករណីនេះគ្រប់ភាគីដែលពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕








































