នៅយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ នាសណ្ឋាគារ SUN & MOON Riverside Hotel ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានប្រារព្ធកម្មវិធីបំពាក់ម្កុដ និងឆៀងផ្លូវការជូនកញ្ញា សុខគា គឹមលាង (Kon Ant)ម្ចាស់ជ័យលាភី Miss International Cambodia 2026 ក្រោមអធិបតីភាពលោកជំទាវ ហ៊ុន ស៊ីណាត និងលោកជំទាវ ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ ដោយមានការរៀបចំកម្មវិធីយ៉ាងយកចិត្តទុកដាក់ពីលោកឧកញ៉ា ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ រួមទាំងដៃគូសហការ និងមានការចូលរួមយ៉ាងច្រើនកុះករពីសិល្បករ អ្នកជំនួញល្បីៗ ភ្ញៀវកិត្តិយស ព្រមទាំងអ្នកសារព័ត៌មានដែលមកពីបណ្តាអង្គភាពផ្សេងៗជាច្រើនរូបផងដែរ។
កញ្ញា សុខគា គឹមលាង ម្ចាស់ជ័យលាភី Miss International Cambodia 2026 នឹងត្រូវតំណាងឱ្យប្រទេសកម្ពុជា ទៅចូលរួមប្រកួតប្រជែងនៅលើឆាកអន្តរជាតិដ៏ធំ ក្នុងកម្មវិធី Miss International នៅប្រទេសជប៉ុននាពេលឆាប់ៗខាងមុខនេះ។ ការគ្រងម្កុដ និងឆៀងផ្លូវការនេះ មិនត្រឹមតែជាការផ្តល់កិត្តិយស និងការទទួលស្គាល់ប៉ុណ្ណោះទេ ប៉ុន្តែវាជានិមិត្តរូបនៃការទទួលខុសត្រូវដ៏ធំធេង ក្នុងការនាំយកវប្បធម៌ អរិយធម៌ដ៏ផូរផង់ និងស្នាមញញឹមរបស់ប្រជាជនខ្មែរទៅកាន់ពិភពលោក។ ក្រោមការគាំទ្រពីថ្នាក់ដឹកនាំ ដៃគូសហការ និងអ្នកគាំទ្រទូទាំងប្រទេស កញ្ញានឹងក្លាយជាបុគ្គលដ៏សំខាន់ ក្នុងការបង្ហាញពីសមត្ថភាព ចំណេះដឹង និងភាពស្រស់ស្អាតរបស់ស្ត្រីខ្មែរនាយុគសម័យថ្មី លើឆាកអន្តរជាតិ។
ក្នុងសន្និសីទសារព័ត៌មានក្នុងរាត្រីនេះលោកឧកញ៉ា ចិន សំណាង ម្ចាស់ហាងមាសពេជ្រ CSNJ បានបញ្ជាក់ថាមូលហេតុចម្បងដែលលោករៀបចំ និងឧបត្ថម្ភផ្ដាច់មុខទាំងស្រុងដល់កម្មវិធីនេះ គឺដើម្បី ជ្រោមជ្រែង និងជំរុញសមត្ថភាពនារីខ្មែរ ឱ្យមានឱកាសបញ្ចេញសមត្ថភាពឱ្យកាន់តែខ្លាំងនៅលើឆាកអន្តរជាតិ។ កញ្ញា សុខគា គឹមលាង មានឆន្ទៈយ៉ាងមុតមាំ និងមានគោលបំណងច្បាស់លាស់ក្នុងការតំណាងឱ្យប្រទេសកម្ពុជា ទៅប្រកួតនៅលើឆាក Miss International នាក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីលើកស្ទួយមរតកវប្បធម៌ខ្មែរ ការតំណាងឱ្យស្ត្រីខ្មែរយុគសម័យថ្មី និងការចូលរួមការងារសង្គមផងដែរ ៕ (អត្ថបទ÷ ព្រំ បូរី)










