មណ្ឌលគិរី៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តមណ្ឌលគិរី នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ បានចុះពិនិត្យករណីសត្វគោងាប់ចំនួន ៦ក្បាល នៅតំបន់អាជីវកម្មរ៉ែមាសអនាធិបតេយ្យ ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា។ ការសន្និដ្ឋានបឋមរបស់មន្ត្រីជំនាញបង្ហាញថា សត្វគោអាចបានផឹកទឹកអាងដែលសង្ស័យមានផ្ទុកសារធាតុគីមី ហូរចេញពីអាងកិនរ៉ែដែលត្រូវបានបោះបង់ចោលអស់រយៈពេលជាច្រើនឆ្នាំ។
ក្រុមការងារបានសម្រេចជីកកប់សាកសត្វគោទាំង៦ក្បាល និងយកសំណាកទៅពិសោធន៍ ដើម្បីបញ្ជាក់មូលហេតុឱ្យបានច្បាស់លាស់ ខណៈដែលប្រតិបត្តិការបង្ក្រាបបទល្មើសរ៉ែអនាធិបតេយ្យនៅតំបន់នេះកំពុងបន្ត។ អាជ្ញាធរក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំលែងសត្វពាហនៈឱ្យចូលទៅក្បែរតំបន់សង្ស័យ និងសហការរាយការណ៍ជូនសមត្ថកិច្ច ប្រសិនបើប្រទះឃើញភាពមិនប្រក្រតី៕





