មន្ត្រីជាន់ខ្ពស់ថ្នាក់រដ្ឋលេខាធិការនៃក្រសួងផែនការម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីបើករថយន្តបុកស្រ្តីវ័យចំណាស់ជាដូនជីម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ និងបានទទួលអនិច្ចកម្មពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីព្រឹកព្រលឹម ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវលេខ១៦៩ ប្រសព្វផ្លូវលេខ១៦៤ ស្ថិតក្នុងភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍ផ្លូវការពីការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនបង្កមានឈ្មោះ វី ហៀង អាយុ ៧៧ឆ្នាំ មានតួនាទីជា រដ្ឋលេខាធិការក្រសួងផែនការ។ មុនពេលកើតហេតុ លោកបានបើករថយន្តស៊េរីទំនើបម៉ាក Land Cruiser ពណ៌ស ពាក់ផ្លាកលេខរដ្ឋ 14-20051 តាមបណ្តោយផ្លូវលេខ១៦៩ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ រថយន្តក៏បានបុកអ្នកថ្មើរជើងយ៉ាងពេញទំហឹង ខណៈពេលកំពុងដើរឆ្លងផ្លូវពីទិសខាងកើតទៅកើតខាងលិច។
ប្រភពដដែលបានបន្ថែមថា ជនរងគ្រោះមានឈ្មោះ វើក សារី អាយុ ៨២ឆ្នាំ មានទីលំនៅក្នុងសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា ។ នៅមុនពេលកើតហេតុ លោកយាយកំពុងធ្វើដំណើរឆ្លងផ្លូវ ដើម្បីទៅកាន់វត្តអារាម ប៉ុន្តែអកុសលត្រូវរថយន្តបុកបណ្តាលឱ្យបាត់បង់ជីវិត ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសមៈ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍បានឃាត់ខ្លួនលោក វី ហៀង ដើម្បីនាំខ្លួនទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕





