(ភ្នំពេញ)៖ ក្នុងរយៈពេល១ឆ្នាំ អាជ្ញាធរមានសមត្ថកិច្ចនៃរាជធានីភ្នំពេញ បានបើកយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) យ៉ាងសកម្ម និងទ្រង់ទ្រាយធំ ដែលបានឃាត់ខ្លួនជនសង្ស័យប្រមាណ ៣០០០នាក់ មាន២២សញ្ជាតិ និងបង្កកទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងបទល្មើសប្រមាណ ៨០ម៉ឺនដុល្លារអាមេរិក។ ប្រតិបត្តិការដ៏មុតស្រួចនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការពារសុវត្ថិភាពសង្គម។
បើតាមលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងរាជធានីភ្នំពេញទទួលផែនការងារសន្តិសុខ បានបបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះថា៖ «ក្នុងប្រតិបត្តិការនេះ យើងបានបង្ក្រាបបានចំនួន ១៨៤ករណី ដោយឃាត់ខ្លួនជនសង្ស័យជាង ៣,០០០នាក់ ក្នុងនោះជាង ២០០នាក់ ត្រូវបានបញ្ជូនទៅតុលាការ និងបង្កកទ្រព្យសម្បត្តិបាន ៨០ម៉ឺនដុល្លារ»។
លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា បានឱ្យដឹងថា វត្ថុតាងមួយចំនួនត្រូវបានកសាងសំណុំរឿងបញ្ចូនទៅតុលាការ ខណៈវត្ថុតាងមួយចំនួនទៀត ត្រូវរក្សាទុកដើម្បីស្រាវជ្រាវ ស៊ើបបអង្កេត បន្តនីតិវីតាមជំនាញបន្តទៀត។
លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា បានគូសបញ្ជាក់ថា ឧបករណ៍ប្រព្រឹត្តបទល្មើស Online Scams នេះមានច្រើនទម្រង់ដូចជាឧបករណ៍បញ្ញាសិប្បនិម្មិត AI ដែលប្រើប្រាស់ឆបោកក្នុងរឿងស្នេហា។
លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា បានបន្ថែមថា ក្នុងរយៈពេលនៃយុទ្ធនាការនេះសមត្ថកិច្ចបានដកហូតសម្ភារៈជាច្រើនដែលមានជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោករួមមាន៖ កុំព្យូទ័រលើតុ (Desktop) ចំនួន ១,០៦១គ្រឿង, កុំព្យូទ័រយួរដៃ (Laptop) ចំនួន ៩២៣គ្រឿង, CPU ចំនួន ២,០៦៤គ្រឿង, អេក្រង់ (Monitor) ចំនួន ៣,៩៥២គ្រឿង, កុំព្យូទ័រ All in One ចំនួន ៣,១៧០គ្រឿង, I-Mac និង Mac-book ចំនួន ២៣គ្រឿង និង Ipad រួមទាំង Tablet ចំនួន ៦៤គ្រឿងផងដែរ។ ក្រៅពីនេះក៏មានការដកហូតទូរស័ព្ទដៃចំនួន ២៩,៩០០គ្រឿង ស៉ីកាត់បរទេស និងឯកសណ្ឋានក្លែងបន្លំជាសមត្ថកិច្ចនគរបាលបណ្តាប្រទេសនានា។
តាមរយៈការបង្រាបទីតាំង Online Scams ឃាត់ខ្លួនមេក្លោង និងអ្នកពាក់ព័ន្ធ និងការដកហូតសម្ភារៈបច្ចេកវិទ្យាដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងធានាសុវត្ថិភាពសម្រាប់សង្គមជាតិ។
សូមបញ្ជាក់ថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបើកប្រតិបត្តិការស៊ើបអង្កេតលើទីតាំងសង្ស័យបានជាង ៨៣០កន្លែង និងបានចុះបង្ក្រាបជាក់ស្តែងចំនួន ៦៦៣ទីតាំង ក្នុងនោះបានគ្រប់គ្រង និងកម្ទេចទីតាំង Online Scams ទ្រង់ទ្រាយធំបានរហូតដល់ ៨៦កន្លែង និងបានបណ្តេញចេញមុខសញ្ញាជនសង្ស័យជាជនបរទេសជាង ២ម៉ឺននាក់។
នៅក្នុងចំណោមទីតាំងដែលបានបើកប្រតិបត្តិការទាំងនោះ មានទីតាំង Online Scams ទ្រង់ទ្រាយធំចំនួន ៨៦កន្លែង ដែលអាចនិយាថាទីតាំង Online Scams ទ្រង់ទ្រាយធំ ត្រូវបានគ្រប់គ្រង និងកម្ទេចទាំងស្រុង។ កម្ពុជាបានចាត់ទុកថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) គឺជាបញ្ហាប្រឈមធ្ងន់ធ្ងរ ហើយកម្ពុជាខ្លួនឯងក៏ជាអ្នករងគ្រោះពីឧក្រិដ្ឋកម្មឆ្លងដែននេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយកម្ពុជាបាននឹងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រឆាំង និងបង្ក្រាបបទល្មើសនេះឱ្យដល់ឫសគល់ ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានានៅលើពិភពលោក រួមមាន ប្រទេសចិន អាមេរិក កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព។
អាជ្ញាធរកម្ពុជា នៅតែបន្តបេសកកម្មប្រយុទ្ធប្រឆាំងបទល្មើស Online Scams ដែលបានប្រែក្លាយពីទ្រង់ទ្រាយធំ ទៅជាប្រតិបត្តិការតូចៗ និងមានលក្ខណៈបែកខ្ញែក។ ចំពោះការបង្ក្រាបក្រុមជនល្មើស Online Scams នៅតែបន្តដូចភ្លៀងរលឹម ដោយសមត្ថកិច្ចត្រូវបន្តស៊ើបអង្កេត តាមដាន និងបង្ក្រាបសកម្មភាពឆបោកជាប្រចាំ ដើម្បីទប់ស្កាត់ការបង្កើតបណ្តាញថ្មី និងការផ្លាស់ប្តូរទម្រង់ប្រតិបត្តិការរបស់បណ្តាញដែលមានស្រាប់។
ការបង្ក្រាបក្នុងប្រទេសត្រូវបានភ្ជាប់ជាមួយកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយសារបទល្មើស Online Scams មានលក្ខណៈឆ្លងដែន និងអាចពាក់ព័ន្ធនឹងជនរងគ្រោះ ជនសង្ស័យ បណ្តាញហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដែលស្ថិតនៅក្នុងប្រទេសផ្សេងៗគ្នា៕




















