ខេត្តព្រៃវែង៖ តាមសេចក្តីរាយការណ៍ប្រជាពលរដ្ឋរស់នៅក្នុងឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង សូមគោរពស្នើសុំយ៉ាងទទូចដល់ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និង លោក ប៉ោ ពិឡុត នាយកទីចាត់ការផែនការវិនិយោគខេត្តព្រៃវែង មេត្តាចុះស៊ើបអង្កេត និងផ្អាកសកម្មភាពជាបន្ទាន់ ចំពោះការដ្ឋានស្ថាបនាផ្លូវបេតុងរបស់ក្រុមហ៊ុន «ធុ តៃលី» ដែលមានលោកស្រី មួយគា ជាតំណាង។
ផ្អែកតាមរូបភាពជាក់ស្ដែងនៅទីតាំងការដ្ឋាន គេសង្កេតឃើញថាក្រុមហ៊ុនបានអនុវត្តការងារខុសបច្ចេកទេសសំណង់យ៉ាងធ្ងន់ធ្ងរ ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់គុណភាព និងអាយុកាលប្រើប្រាស់នៃផ្លូវ៖
—ការតភ្ជាប់ដែក គ្មានស្តង់ដារ៖ ចុងសរសៃដែកបាតមិនបានចងតភ្ជាប់គ្នាឱ្យបានត្រឹមត្រូវ និងគ្មានប្រវែងត្រួតពិនិត្យ គ្រប់គ្រាន់តាមបទដ្ឋានបច្ចេកទេសឡើយ។
—គ្មានកូនកល់បេតុង ៖ សំណាញ់ញដែកត្រូវគេទម្លាក់ផ្ទាល់លើដី/ក្រួសបាត គ្មានកូនកល់ដើម្បីលើកដែកឱ្យស្ថិតនៅចំកណ្តាលកម្រាស់បេតុង ដែលនាំឱ្យដែកឆាប់ច្រែះស៊ី ដាច់ និងស្រុតផ្លូវក្នុងរយៈពេលខ្លី។
—ការរៀបចំដែកបាតគ្មានរបៀបរៀបរយ៖ ចន្លោះក្រឡាដែកមានភាពវៀចវេរ មិនស្មើគ្នា ធ្វើឱ្យសមត្ថភាពទ្រទម្ងន់ផ្លូវធ្លាក់ចុះខ្លាំង។
ការស្ថាបនាផ្លូវខ្វះការទទួលខុសត្រូវបែបនេះ គឺជារឿងមិនអាចទទួលយកបានឡើយ ព្រោះជាការចំណាយថវិការដ្ឋដោយគ្មានប្រសិទ្ធភាព និងមិនបានផលប្រយោជន៍យូរអង្វែងជូនប្រជាពលរដ្ឋ។
អាស្រ័យហេតុនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរខេត្ត និងជំនាញពាក់ព័ន្ធ មេត្តាចុះអន្តរាគមន៍ ផ្អាកការដ្ឋាន និងតម្រូវឱ្យក្រុមហ៊ុន ធុតៃលី កែសម្រួលឡើងវិញឱ្យត្រឹមត្រូវតាមស្តង់ដារបច្ចេកទេដើម្បីការពារផលប្រយោជន៍ជាតិ និងប្រជាជន៕










