យោងតាមសំណេរនៅលើគណនីហ្វេសប៊ុក មានឈ្មោះថា Vi Sal នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ដែលមានខ្លឹមសារថា÷
រឿងរ៉ាវអយុត្តិធម៌របស់លោកឳពុក អ្នកម្តាយខ្ញុំដែលត្រូវគេធ្វើប្លង់ដីរំលោភយកស្រស់ៗ!
លោកឳពុក អ្នកម្តាយខ្ញុំបានទិញដីមួយកន្លែងទំហំជិត ០៤ហិកតា ឆ្នាំ២០១៤ នៅចំណុចពាមតាយស ស្ថិតក្នុងភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល បច្ចុប្បន្ន ភូមិព្រែកតាទេព សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល កាន់កាប់ និងអាស្រ័យផលដំណាំឈូក ១០ឆ្នាំមកហើយ! ក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាល ជំរុញការចុះបញ្ជីលក្ខណៈជាប្រព័ន្ធនៅតំបន់នោះ លោកឪពុក អ្នកម្តាយ ឡើងចុះ វាស់វែង តាមការណែនាំរបស់មន្ត្រីជំនាញ ហើយក៏បានជូនសោហុយរត់ការមួយចំនួនដល់មន្ត្រីសាលាក្រុងអរិយក្សត្រម្នាក់ ដើម្បីជួយសម្របសម្រួលឯកសារជូនពួកគាត់ ដោយសារលោកឳពុក មានអាយុច្រើនហើយ អ្នកម្តាយក៏ឈឺ ពិបាកឡើងចុះផ្លូវឆ្ងាយធ្វើឯកសារ។
ក្រោយចុះវាស់វែងក្បាលដីដោយមន្រ្តីសុរិយោដី និងមន្រ្តីភូមិ សង្កាត់រួចហើយ ក៏រង់ចាំផ្តិតមេដៃ លើឯកសារវាស់វែង ប៉ុន្តែជាយូរខែហើយក៏មិនមានមន្រ្តីណាហៅផ្តិតមេដៃសោះឡើយ បែរជាលឺដំណឹងពីមន្រ្តីសុរិយោដី និងមន្រ្តីសាលាក្រុងអរិយក្សត្រថា ដីដែលឪពុកម្តាយខ្ញុំបានវាស់វែងដើម្បីចុះបញ្ជីនោះ ជាន់ប្លង់ដីចុះបញ្ជីដាច់ដោយដុំ របស់លោក ភឺន ផល្លា ទៅវិញ។ ដល់ថ្ងៃបិទផ្សាយជាសាធារណៈលើការចុះបញ្ជីក្បាលដីនៅតំបន់នោះ ក្បាលដីលេខ ៧៤១ ទំហំជាង០២ហិកតា ដែលរំលោភលើដីឳពុកម្តាយខ្ញុំ កាន់កាប់ដោយឈ្មោះ ម៉េត វណ្ណធី និងប្រពន្ធឈ្មោះ ចាន់ នីដា ទៅវិញ។ ដោយឡែកក្បាលដីលេខ ៧០២ ៧៤៧ និង ៧៤៩ របស់ឪពុកម្តាយខ្ញុំ នៅតែមិនអាចុះបញ្ជីជាប្រព័ន្ធ បានដដែល ដោយមូលហេតុថា ដីមានជម្លោះ។
ពេលនោះបញ្ហាព្រំដែនក៏កំពុងក្តៅគគុក ក្រុមគ្រួសារខ្ញុំបាទព្យាយាមរក្សាភាពស្ងៀមស្ងាត់ ប្រឹងប្រែងដោះស្រាយបែបរដ្ឋបាល តាមរយៈធ្វើលិខិតស្នើសុំកិច្ចអន្តរាគមន៍ ពីឯកឧត្តមអភិបាលខេត្ត និងម្ខាងទៀតព្យាយាមជួបជំនួយការលោក ផល្លា ដើម្បីរកច្រកចេញដោយស្ងប់ស្ងាត់។ ប៉ុន្តែ០១ឆ្នាំ មកហើយនៅតែគ្មានពន្លឺយុត្តិធម៌សម្រាប់ ក្រុមគ្រួសារខ្ញុំសោះ ទើបថ្ងៃនេះខ្ញុំបាទ សម្រេចចិត្តប្រើប្រាស់បណ្តាញសង្គម គោរពស្នើសុំសម្តេចតេជោ Hun Sen និងសម្តេចធិបតី Hun Manet មេត្តាផ្តល់កិច្ចអន្តរាគមន៍យុត្តិធម៌ដល់ក្រុមគ្រួសារខ្ញុំបាទដោយក្តីសណ្តោសផង🙏🏻🙏🏻
ខ្ញុំបាទពិតជាមិនចង់ប្រើប្រាស់បណ្តាញសង្គមដោះស្រាយលើករណីនេះទេ ប៉ុន្តែជាកូនប្រុសម្នាក់ដែលលោកឪពុក អ្នកម្តាយចិញ្ចឹមបីបាច់ថែរក្សាមកដល់ពេលនេះ ហើយឃើញលោកទាំងពីរ ពិបាកចិត្ត ដកដង្ហើមធំរាល់ថ្ងៃ ព្រោះតែគ្មានដំណោះស្រាយទាល់តែសោះ ជាកូនកត្តញូម្នាក់ត្រូវតែចេញមុខជំនួសពួកគាត់🙏🏻🙏🏻
ខ្មែរទាំងអស់គ្នាឈឺចាប់ណាស់ នៅពេលដែលចោរសៀមឈ្លានពានទឹកដី និងរំលោភលើផ្ទះសំបែងប្រជាពលរដ្ឋតាមបន្ទាត់ព្រំដែន ដូចគ្នាដែរនឹងអារម្មណ៍មួយនេះ ឈឺចាប់ណាស់ជំនួសអ្នកមានគុណទាំងទ្វេរ ដែលត្រូវគេរំលោភយកដីស្រស់ៗ😭😭
ពាក់ព័ន្ធនឹងករណីខាងលើអង្គភាពយើងនឹងតាមដានបន្តទៀត និងទទួលរាល់ការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕






