(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីធ្វើការបំភ្លឺជូនសាធារណជន ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មមាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ និងមាត្រា៣៨ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។
ការបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីគណបក្សកម្លាំងជាតិ បានចេញសេចក្តីថ្លែងការណ៍លើកឡើង នូវការព្រួយបារម្ភមួយចំនួនអំពីប្រព័ន្ធបោះឆ្នោត ការបែងចែកមុខតំណែងថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ គោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការចូលរួមរបស់គណបក្សនយោបាយនៅថ្នាក់មូលដ្ឋាន។
ក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងច្បាស់ថា ការធ្វើវិសោធនកម្មច្បាប់នេះ គឺស្របតាមនីតិវិធីជាធរមាន និងជាពិសេសស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនោះ ការកែប្រែនេះមិនបានកែប្រែប្រព័ន្ធបោះឆ្នោត និងរូបមន្តបែងចែកអាសនៈក្នុងក្រុមប្រឹក្សាឃុំ សង្កាត់ ដែលមានចែងកំណត់នៅក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ជាធរមានឡើយ។ គណបក្សនយោបាយនីមួយៗនៅតែទទួលបានអាសនៈស្របតាមចំនួនសំឡេងឆ្នោតដែលខ្លួនទទួលបាន។
លើសពីនេះ ការធ្វើវិសោធនកម្មនេះក៏មិនបានដកហូតអាសនៈ ឬកម្រិតសិទ្ធិរបស់ប្រជាពលរដ្ឋ ឬកម្រិតសិទ្ធិរបស់គណបក្សនយោបាយ ដែលចូលរួមក្នុងដំណើរការប្រជាធិបតេយ្យ នោះឡើយ។ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ដែលជាប់ឆ្នោតនៅតែមានសិទ្ធិពិភាក្សា អនុម័ត សម្រេច និងត្រួតពិនិត្យការងាររដ្ឋបាលតាមច្បាប់។
ផ្ទុយទៅវិញ ការកែប្រែនេះ គឺដើម្បីកែលម្អរូបមន្តកំណត់មុខតំណែងថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ ឱ្យសមស្របនឹងលទ្ធផលបោះឆ្នោត និងជាពិសេសស្របតាមឆន្ទៈ របស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។
ក្រសួងមហាផ្ទៃបាន សង្កត់ធ្ងន់ថា ការធ្វើវិសោធនកម្មនេះ គឺធ្វើឡើងដោយឈរលើគោលការណ៍នីតិរដ្ឋ ការគោរពរដ្ឋធម្មនុញ្ញ និងការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស៕


