រថយន្តវេអងដឹកឈើជន្លង់ម្រេចមួយគ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះនៃស្ថានីយជញ្ជីងចល័ត (កាំពី) ស្ទាក់ចាប់ឃាត់បាននៅចំណុចរង្វង់មូល (ខ្លាស្ទុះ) ស្ថិតក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ កាលពីថ្ងៃ ទី១៨ ខែសីហា ឆ្នាំ២០២៦ ក្រោយពីបានបើកបរគេចវេសមិនព្រមចូលថ្លឹងទម្ងន់តាមបទដ្ឋានកំណត់។
តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តធុនធំមួយគ្រឿងនេះបានដឹកជញ្ជូនជ្រលុងម្រេចចេញពីខេត្តស្ទឹងត្រែងក្នុងគោលដៅឆ្ពោះទៅកាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នៅពេលបើកបរមកដល់ចំណុចជិតស្ថានីយជញ្ជីងថ្លឹងរថយន្តដែលមានទីតាំងស្ថិតនៅភូមិដីសម្បទាននៃភូមិសំបុក ស្រុកចិត្តបុរី ខេត្តក្រចេះ អ្នកបើកបរមិនបានមិនបានចូលថ្លឹងភ្លាមៗ នោះទេ គឺបានឈប់រង់ចាំសញ្ញាអ្នកមើលផ្លូវរហូតដល់មានសភាពការណ៍ស្ងប់ស្ងាត់ ទើបលួចបើកឆ្លងកាត់មុខស្នាក់ការស្ថានីយថ្លឹងរថយន្ត ដើម្បីបន្តដំណើរទៅមុខ។
ក្រោយសកម្មភាពគេចវេសនេះត្រូវបានគេរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញបទបញ្ជាជាបន្ទាន់ឲ្យកម្លាំងមន្ត្រីចម្រុះប្រចាំស្ថានីយដេញតាមស្ទាក់និងឃាត់រថយន្តនោះបានភ្លាមៗមកវិញ។
ការបង្ក្រាបនេះបានធ្វើឡើងក្នុងអំឡុងពេលដែលឯកឧត្តម សេង ឈួន រដ្ឋលេខាក្រសួងសាធារណការ និងប្រតិភូអមដំណើរកំពុងចុះបេសកកម្មបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្ដីពីផ្លូវថ្នល់ដើម្បីរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់នៅក្នុងខេត្តក្រចេះ ដែលមានការចូលរួមពីថ្នាក់ដឹកនាំខេត្តចំនួន៥រូប។
ពាក់ព័ន្ធនឹងចំណាត់ការបន្តលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានឱ្យដឹងនៅរសៀល ថ្ងៃទី១៩ ខែសីហា ថា នៅពេលសមត្ថកិច្ចនាំរថយន្តទៅដល់គោលដៅបានអះអាងថា រថយន្តមានបញ្ហាខូចម៉ាស៊ីនបច្ចុប្បន្នសមត្ថកិច្ចបានបង្គាប់ឱ្យធ្វើការជួសជុលរថយន្តឱ្យឆេះដំណើរការឡើងវិញ ដើម្បីនាំយកទៅកាន់ស្ថានីយជញ្ជីងធ្វើការថ្លឹងទម្ងន់ពិនិត្យលក្ខណៈបច្ចេកទេស និងអនុវត្តទៅតាមទោសទាន់នីតិវិធីច្បាប់ជាធរមាន៕


