មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសិក្សាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ កោះនរា-មេគង្គឃី និងផ្លូវតភ្ជាប់ពីស្ពានកោះនរា ទៅកាន់ផ្លូវជាតិលេខ ១ ដើម្បីពិនិត្យលើលទ្ធផលសិក្សា និងកែសម្រួលឱ្យស្របតាមបទដ្ឋានបច្ចេកទេស។
កិច្ចប្រជុំដឹកនាំដោយលោក ចាន់ តារា អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានក្រុមការងាររៀបចំគម្រោងសិក្សាស្ពានកោះនរា-មេគង្គឃី ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសក្រុមហ៊ុន ZHEJIANG (PRC) Institute of Communication Co., Ltd.។
ក្នុងកិច្ចប្រជុំ ក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានពិនិត្យនិងផ្តល់យោបល់លើបញ្ហាបច្ចេកទេសពាក់ព័ន្ធនឹងការសិក្សា ដើម្បីធានាថាលទ្ធផលសិក្សាគម្រោងមានភាពច្បាស់លាស់ ស្របតាមបទដ្ឋានបច្ចេកទេស និងអាចឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍។
គម្រោងស្ពានកោះនរា-មេគង្គឃី និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ១ ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃការសិក្សាអភិវឌ្ឍបណ្តាញផ្លូវ និងស្ពាន ដើម្បីពង្រឹងការតភ្ជាប់តំបន់នានា និងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូននៅតំបន់រាជធានីភ្នំពេញ និងតំបន់ជាប់ពាក់ព័ន្ធ។
ពីក្នុងកិច្ចប្រជុំ មន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានគូសបញ្ជាក់ថា ក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនសិក្សា នឹងបន្តសម្របសម្រួល និងកែសម្រួលលទ្ធផលសិក្សា ដោយផ្អែកលើមតិយោបល់ និងតម្រូវការបច្ចេកទេស ដើម្បីឱ្យគម្រោងអាចឈានទៅជំហានបន្ទាប់បានប្រកបដោយគុណភាព និងប្រសិទ្ធភាព។
ពាក់ព័ន្ធនឹងការសាងសង់ស្ពានភ្ជាប់ពីតំបន់អភិវឌ្ឍកោះនរាទៅទីក្រុងរណបថ្មីមេគង្គឃី ត្រូវបានលើកឡើងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ទីក្រុងរណបមេគង្គឃី កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងឱកាសនោះ សម្តេចបានណែនាំឱ្យពិចារណាលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍទីក្រុងទំនើប ដោយផ្តោតលើការបង្កើនសសៃឈាមធ្វើដំណើរ តាមរយៈផ្លូវ ស្ពានលើទឹក និងស្ពានក្រោមទឹក ដែលគោលដៅសំខាន់ គឺដើម្បីសម្រួលចរាចរណ៍ និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅតំបន់ជុំវិញ។
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ កោះនរា-មេគង្គឃីស្ថិតក្នុងដំណាក់កាលសិក្សា និងពិភាក្សានៅឡើយ ខណៈព័ត៌មានលម្អិតអំពីប្រវែងស្ពាន ទំហំការវិនិយោគ និងពេលវេលាចាប់ផ្តើមសាងសង់ មិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ៕



