(ភ្នំពេញ)៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្តាល បានចាត់ក្រុមការងារ ចុះស្រាវជ្រាវករណីផ្តល់សង្គ្រោះបឋម ដល់អ្នកជំងឺភេទស្រីម្នាក់ នៅមណ្ឌលសុខភាពសិត្បូ ដែលរងការរិះគន់ មិនត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្ត្រ។ នេះបើតាមសេចក្ដីបំភ្លឺព័ត៌មាន ដែល ទទួលបាននៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦។
សេចក្ដីបំភ្លឺព័ត៌មាន បានបញ្ជាក់ថា ពាក់ព័ន្ធនឹងព័ត៌មាន ដែលបាននិងកំពុងចែកចាយលើបណ្តាញសង្គម ស្តីអំពីសកម្មភាពផ្តល់ការ សង្គ្រោះបឋម ដល់អ្នកជំងឺម្នាក់ភេទស្រី អាយុ១៧ឆ្នាំ ដោយលោកគ្រូពេទ្យបំរើការងារ នៅមណ្ឌលសុខភាពសិត្បូ ដែលរងការ រិះគន់ថា «មិនត្រឹមត្រូវតាម បច្ចេកទេសវេជ្ជសាស្ត្រ» នោះ។
ក្រោយទទួលព័ត៌មាននេះភ្លាម មន្ទីរសុខាភិបាលខេត្ត បានចាត់ក្រុមការងារជំនាញសហការជាមួយគណៈ គិលានុបដ្ឋាក ចុះធ្វើការស្រាវជ្រាវ និងពិនិត្យលើករណីនេះ យ៉ាងយកចិត្តទុកដាក់បំផុត។
មន្ទីរសុខាភិបាលខេត្ដកណ្ដាល បានគូសបញ្ជាក់ថា ប្រសិនបើការសង្គ្រោះបឋមនោះ ពិតជាមានការប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ស្ត្រី មន្ទីរសុខាភិបាល នឹងចាត់វិធានការតាមបទដ្ឋានគតិយុត្តិ ដែលមានជាធរមាន៕



