នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣០នាទី នៅលើផ្លូវជាតិលេខ៧ នៅភូមិណាំកិន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត និងម៉ូតូសណ្តោងរ៉ឺម៉ក ។ ដោយរថយន្ត ម៉ាក Land Cruiser ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 2B-9456 ដោយអ្នកបើកបរគេស្គាល់ថាឈ្មោះ សេង សុខហ៊ាន ប្រធាននាយកប្រតិបត្តិសាលាពន្លឺវិជ្ជាអន្តរជាតិ(PISសាខាខេត្តកំពង់ចាម) ដោយបើកបរដោយល្បឿនលឿនមានទិសដៅពីលិចទៅកើត បុកពីក្រោយម៉ូតូសណ្តោងរ៉ឺម៉ក០១គ្រឿង ម៉ាកហុងដាប្លេត ពណ៌ក្រហម បើកបរដោយឈ្មោះ ថន ថុល ភេទប្រុស អាយុ៥៤ឆ្នាំ ជាតិខ្មែរ និងអ្នករួមដំណើរ០២នាក់៖
១.ឈ្មោះ ភិន ស៊ីនួន ភេទស្រី អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ
២.ឈ្មោះ ថុល លុយ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ
អ្នកទាំង០៣នាក់ រស់នៅភូមិកងតាណឹងទី៣ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម មានទិសដៅពីលិចទៅកើត ស្របទិសគ្នា។ដោយតាមរបាយការណ៍ពីមូលហេតុនេះគឺ អ្នកបើកបររថយន្ដបើកបរប្រើប្រាស់ល្បឿនលឿន។
ក្នុងករណីនេះបណ្ដាលឱ្យជនរងគ្រោះឈ្មោះ ថន ថុល (ជាអ្នកបើករ៉ឺម៉ក) ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរ ០២នាក់ទៀតរងរបួសស្រាលបានបញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ។
ភ្លាមៗនោះបុរសម្នាក់ជាអ្នកបើកបររថយន្តដែលគេស្គាល់ថាឈ្មោះ សេង សុខហ៊ាន ប្រធាននាយកប្រតិបត្តិសាលាពន្លឺវិជ្ជាអន្តរជាតិ(PISសាខាខេត្តកំពង់ចាម) បានទុករថយន្តចោលរួចដើរចេញទៅបាត់ស្រមោល។ បើតាមប្រភពបានបញ្ជាក់ថាមិនទាន់មានការឃាត់ខ្លួននៅឡើយទេ។
ក្រុមការងារយើងនឹងធ្វើការស្រាវបន្ថែមទៀត និងរីករាយទទួលស្វាគមន៍រាល់ការបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕





