មណ្ឌលគិរី៖ ក្រុមបុរស-ស្ត្រីចំនួន ៧នាក់ ក្នុងនោះមានស្ត្រី ៣នាក់ ត្រូវបានកម្លាំងនគរបាលក្រុងសែនមនោរម្យ ធ្វើការឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យជួបជុំប្រើប្រាស់គ្រឿងញៀនមួយកន្លែង នៅរីសតមួយក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ កាលពីរាត្រីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោយសមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និងបានស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបជាក់ស្តែង។ ក្នុងនោះ សមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀន ព្រមទាំងរថយន្ត ទូរសព្ទដៃ កុំព្យូទ័រ និងសម្ភារៈមួយចំនួនទៀត ដែលត្រូវបានដកហូតទុកជាវត្ថុតាង។
តាមការបញ្ជាក់ពីសមត្ថកិច្ច ជនសង្ស័យទាំងអស់មិនមែនជាប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរីនោះទេ ដោយពួកគេបានធ្វើដំណើរមកពីបណ្តាខេត្ត-រាជធានីផ្សេងៗ និងណាត់ជួបជុំគ្នានៅទីតាំងខាងលើ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៧នាក់ រួមទាំងវត្ថុតាង ត្រូវបានឃាត់ទុកនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដើម្បីបន្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕





