ឆ្នោតសៀម ចេញក្នុងរយៈពេលកន្លះខែម្តង រួមជាមួយឆ្នោតវៀតណាមលេងប្រចាំថ្ងៃក្នុងមួយថ្ងៃបីលើកនៅក្រុងបាត់ដំបង មហាជនសង្ស័យថាមានការបើកដៃអោយលេងនៅទូទាំងក្រុងបាត់ដំបង ដោយគ្មានការរំខានពីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសបូករួម អ្នកញៀនល្បែង ឆ្នោតសៀមទាំងនោះ គ្មានមនសិការជាខ្មែរ ទើបក្រុមមេល្បែងឆ្នោតសៀម និងឆ្នោតវៀតណាម ទាំងនោះធ្វើសកម្មភាពដាក់ពង្រាយកូនកញ្ច្រែងនៅពាសពេញក្រុងបាត់ដំបង និងតាមបណ្តាស្រុកនានាទូរទាំងខេត្ត ។
ជាក់ស្តែងរូបភាពនៅរសៀលថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦
ក្រុមអ្នកសារព័ត៏មានយើងថតផ្តិតយកភ្ជាប់ទីតាំងដែលមានដូចខាងក្រោម÷
-ទីតាំងទី០១ស្ថិតនៅភូមិកាប់គោថ្មី ក្នុងសង្កាត់អូរចារ(មានចម្ងាយ ៣០ម៉ែត្រពីស្នាក់ការភូមិ) ។
-ទីតាំងទី០២ស្ថិតនៅផ្ទះមេធំក្រោមដើមក្រខុបក្នុងភូមិចំការសំរោង សង្កាត់ចំការសំរោង ។
-ទីតាំងទី០៣ស្ថិតនៅ ជាប់ផ្លូវរថភ្លើងផ្លូវចូលរ៉ា ក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ។ -ទីតាំងទី០៤ស្ថិតនៅខាងលិចជាប់បេនឡានផ្សារបឹងឈូក តូបមានបិទបាំងវាំងនន ។
-ទីតាំងទី០៥ ស្ថិតនៅផ្លូវបេតុងខាងត្បូងរូបសំណាកលោកតាដំបងក្រញូង(ផ្ទះថ្មខ្នងទល់របងវិមានសព)។
-ទីតាំងទី០៦ស្ថិតនៅម្តុំតូបលក់មាស តូបលក់សំលៀកបំពាក់ ក្នុងផ្សារធំថ្មី សង្កាត់ព្រែកព្រះស្តេច ។
ក្រៅពីទីតាំងដែលបានរៀបរាប់ខាងលើនេះ ក៏នៅមានទីតាំងតូចធំជាច្រើនផ្សេងៗទៀតនៅពាសពេញក្រុងបាត់ដំបង និងតាមបណ្តាស្រុកនានាទូទាំងខេត្ត។
កន្លងមកក្រុមការងារក៏បានធ្វើការទំនាក់ទំនងទៅលោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបងតាមរយៈតេឡេក្រាមតែលោកមិនតបហើយថែមទាំងលុបសារចោលទៀតផង។ ទោះបីជាមានការផ្សព្វផ្សាយជាច្រើនលើកច្រើនសារយ៉ាងណាក្តី ក៏លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ មិនមានវិធានការបង្ក្រាបដែរ។
ករណីឆ្នោតសៀមនៅក្នុងក្រុងបាត់ដំបងនេះយើងមិនដឹងថាផ្តល់លាភសក្ការៈ និងផលប្រយោជន៍អ្វីដល់ក្រុង និងខេត្តនោះទេបានជាមិនបង្ក្រាបម្ចាស់ទីតាំង ព្រមទាំងអ្នកលេងចាត់ការតាមនីតិវិធីច្បាប់ឡើយ។
មហាជនស្នើសុំឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងសូមមានវិធានការជាបន្ទាន់ផង៕













